រឿង ស្រី​មាយា​ដក​ខ្ញី

រឿង ស្រីមាយាដកខ្ញី

មានបុរសម្នាក់និងស្រីម្នាក់ ជាប្ដីប្រពន្ធ នៅក្នុងស្រុកមួយ ប្ដីជាមនុស្សចិត្តត្រង់ តែគ្មានប្រាជ្ញា ឯនាងប្រពន្ធនោះ ជាស្រីចិត្តមិនត្រង់នឹងប្ដី តែចេះមាយាច្រើន ។
ថ្ងៃមួយនាងប្រពន្ធ មានចិត្តប្រាថ្នាចង់ជួបនឹងសហាយណាស់ ដោយឃ្លាតគ្នាយូរហើយ តែមិនដឹងជាធ្វើម្ដេចនឹងទៅជួបបាន ព្រោះភូមិនោះនៅឆ្ងាយពីគ្នា បើដើរទៅខ្លាចខ្មោចលង ។ នាងប្រពន្ធក៏និយាយនឹងប្ដីខ្លួនថា «អ្នក! ល្ងាចនេះយើងគិតទៅរកទិញមាន់មួយ មកធ្វើស៊ីបាយម្ដង អ្នកចង់ស៊ីទេ ?» ។ ប្ដីតបវិញថា «ចង់ស៊ីដែរ » ។ ប្រពន្ធថា «ខ្ញុំចង់ស៊ីខួរខ្ញី» ។ ប្ដីថា « អើ! អញក៏ចង់ស៊ីខួរខ្ញីដែរ» ថាហើយ ក៏បបួលគ្នាចុះដើរទៅទិញមាន់អ្នកស្រុក នៅភូមិជិតផ្ទះសហាយនោះ ។

ប្ដីនិងប្រពន្ធបបួលគ្នាសួររកទិញគ្រប់តែផ្ទះ ។ នាងប្រពន្ធដើរបែកពីប្ដីទៅជួបសហាយ វានិយាយកិច្ចកលផ្សេងៗ រួចមកជួបនឹងប្ដីវិញ ហើយប្រាប់ប្ដីថា «អ្នក ! ផ្ទះឯណោះគេមានមាន់លក់ គេប្រាប់ខ្ញុំអម្បាញ់មិញ » ។ ប្ដីព្រមទៅតាមប្រពន្ធប្រាប់ ក៏ទិញបានមេមាន់មួយ យួរត្រឡប់មកផ្ទះវិញ ពេលនោះជាពេលពន់ព្រលប់ ទៅដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែនាងប្រពន្ធធ្វើមាយាគក់ដើមទ្រូង ហើយថា «ឱ ! អ្នកអើយ ! ភ្លេចដូចគេលត់ទៅហើយ » ។ ប្ដីសួរថា «ភ្លេចអី ?» ។ ប្រពន្ធថា « ភ្លេចខ្ញីទៅហើយអ្នក ! បើដូច្នោះអ្នកឯងនៅៗនេះសិនចុះ ខ្ញុំរត់ទៅវាឆាប់» ហើយនាងនោះរត់ទៅ ។ ប្ដីក៏ឈរចាំប្រពន្ធ ឯនាងប្រពន្ធ កាលឃ្លាតពីប្ដីហើយ ក៏គេចទៅជួបនឹងប្រុសសហាយខ្លួន ហេតុតែរឭកសហាយខ្លាំងណាស់ក៏ប្រះដេកទៅដី មិនរកផ្ទះសម្បែងទេ ដោយប្រញាប់ទៅជួបប្ដីវិញ ។
ឯបុរសសហាយនោះ ក៏ទទួលភារៈនាងនោះទៅ រួចនាងនោះយកខ្ញីពីសហាយ ហើយផ្ដាំថា «ល្ងាចនេះ ឲ្យអ្នកបងចាំមើល បើមានពេលស្រួល ចូលទៅដេកម្ដងទៀតចុះ » និយាយកិច្ចការសព្វគ្រប់ហើយ នាងនោះក៏ត្រឡប់មកឯប្ដីដើមវិញ ។ ដីដែលប្រះដេកនោះ ក៏នៅជាប់នឹងខ្នង មិនទាន់បោសនៅឡើយ ព្រោះដើរមកដោយប្រញាប់ លុះដើរមកដល់ប្ដីខ្លួនហើយ ក៏សើចក្អាកក្អាយ និយាយទៅកាន់ប្ដីថា « បើអ្នកឃើញអំមិញប្រហែលជាសើចដាច់ខ្យល់ស្លាប់ហើយ » ។ ប្ដីសួរថា «សើចអី »។ ប្រពន្ធតបថា « នែ! អ្នកមើលខ្នងខ្ញុំ បោសឲ្យបន្តិចមក៍! ហ្នឹងហើយខ្ញុំដកខ្ញី វារបូតដៃទាំងអស់ ខ្ញុំដួលផ្ងារទៅក្រោយបះជើងច្រោង បានជាដីប្រឡាក់ខ្នងខ្ញុំអស់» ។ ប្ដីមិនដឹងក៏បោសខ្នងឲ្យប្រពន្ធទៅ រួចហើយនាំគ្នាដើរទៅផ្ទះ ធ្វើបាយនិងមាន់ស៊ី ធ្វើរួចហើយពេលងងឹតស៊ីបាយរួច ប្រពន្ធនិយាយនឹងប្ដីថា «អ្នក ! ផ្លុំប៉ីទៅ ខ្ញុំនឹងស្ដាប់» ប្ដីក៏យកប៉ីមកផ្លុំ ។ ប្រពន្ធដេកស្ដាប់ៗបន្តិចទៅ ក៏កិលមកដេកលើភ្លៅប្ដី ហើយថា « ពីរោះណាស់អ្នក! អ្នកផ្លុំប៉ី ភ្នែកមើលរន្ធដែរឬទេ ? បើអ្នកមិនមើលរន្ធ ធ្វើម្ដេចនឹងចាប់បើកបទឲ្យត្រូវទំនុក ? ប្ដីតបថាទេ! « មិនបាច់មើលរន្ធទេព្រោះដៃចាំស្ទាត់ ហើយចំណាំរន្ធផង » ។ ប្រពន្ធថា « បើដូច្នេះ ខ្ញុំបិទភ្នែកអ្នកទាំងពីរមើល អ្នកនៅតែផ្លុំពីរោះដូចដែលឬទេ ? ។ ប្ដីតបថា « បិទចុះ ក៏នៅតែផ្លុំពីរោះដូចមុនដែរ » ។ ប្រពន្ធ យកដៃបិទភ្នែកប្ដីខ្លួនទាំង២ រួចហើយក៏កន្ធែកជើងឲ្យសហាយនោះឃើញ ។ បុរសសហាយឃើញស្រីសហាយខ្លួនបិទភ្នែកប្ដីបាន ហើយកន្ធែកជើងឲ្យសញ្ញាដូច្នោះ ក៏ចូលទៅរួមសំវាសនឹងនាងនោះទៅ ។
លុះសហាយនោះថយចេញ ទើបប្រពន្ធលែងបិទភ្នែកប្ដី ។ ប្ដីនាងក៏មិនអាចដឹងដល់កិច្ចកលនោះឡើយ ។ ព្រោះហេតុនេះ បានជាមានពាក្យបុរាណថា « មាយាដកខ្ញី» មានទាំងទំនុកច្រៀងផងថា :

ស្រីទៅដកខ្ញី ស្រីអើយនាងស្រី
ស្រីទៅដកខ្ញី ដកដួលទាំងខ្លួន ។
កាលដកលើកមុន តូចតន់លាក់ពួន
ដកក្រោយសំនួន ផ្ទួញឲ្យប្ដីស្លាប់ ។
ប្ដីនាងអ្នកផ្លុំ នាងសុំធ្វើត្រាប់
បន្ទរអឺងអាប់ ចប់បទអុំទូក ។

ប្រភព៖ ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ១៣៦- ១៣៨

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!