គំនិត​ «មានតែអញ‍​»

មានវរជនខ្លះ ដែលធ្វើជាប្រធានអង្គប្រជុំណាមួយ សប្បាយណាស់នឹងនិយាយបែកជាអូរហូរជាស្ទឹង រហូតដល់ទៅជ្រុលរឿងខុសរបៀបវារៈទៅក៏មាន។ បញ្ចេញយោបល់មកសុទ្ធតែបញ្ជាក់ថា គិតនោះត្រឹមត្រូវហើយ យោបល់នោះល្អហើយ ឲ្យសមាជិកអង្គប្រជុំអនុម័តតាមចុះ។ កាលបើមានសមាជិកណាជំទាស់ ឬសុំជូនយោបល់ខ្លះនោះ រមែងតែងមិនសប្បាយចិត្តសោះឡើយ ព្រោះទំលាប់អាត្មាឯងនោះចេះតែមើលងាយគេ ថាគេមិនដល់ខ្លួន គេល្ងង់ ឯខ្លួនឯងវិញគឺជាអ្នកចេះជ្រៅជ្រះជាបញ្ញវ័ន្ត ជាមនុស្សកំពូល គំនិតរបស់ខ្លួនជាគំនិតពេជ្រ គំនិតរបស់អ្នកដទៃជាគំនិតកាក មិនបានការមិនត្រូវមកបញ្ចេញអ្វីទេ។


គំនិត (អញនិយម) នេះ ជាគំនិតផ្តាសហួសហេតុ ពីព្រោះគេឯទៀតក៏ជាមនុស្សមានវិចារណញ្ញាណដែរ ធ្លាប់ត្រិះរិះរកហេតុផលក្នុងរឿងណាមួយដែរ គេចេះដឹងមួយបែប យើងចេះដឹងមួយបែបត្រូវបញ្ចេញយោបល់ផង ដើម្បីរកលទ្ធផលល្អឲ្យអង្គប្រជុំ ឬសមាគម។ ពីព្រោះធម្មតា សូម្បីអ្នកសិល្បៈដូចគ្នា ក៏មិនអាចទទួលភារធ្វើការឲ្យបានសព្វគ្រប់ម្នាក់ឯងបានទេ វាត្រូវតែអ្នករបាំងពូកែខាងរាំ អ្នកគូរពូកែខាងគូរ អ្នកភ្លេងពូកែខាងភ្លេង មួយមុខៗ ពិសេសៗ ដោយខ្លួន វាមិនមែនអ្នកករបាំចេះរាំហើយចេះគូរ ចេះលេងភ្លេងសព្វគ្រប់នោះទេ ឬក៏អ្នកភ្លេងចេះទាំងគូរ ទាំងរាំរែកនោះទេ។ ម្នាក់ៗ មានវិជ្ជាជីវៈពិតប្រាកដដោយៗ ខ្លួន។ យ៉ាងណាមិញ យើងប្រធាន យើងចេះដឹងតាមសមត្ថភាពយើង ឯគេឯទៀត គេក៏មានចំណេះដឹងអ្វីផ្សេងៗ សម្រាប់និយាមមឲ្យយើងស្តាប់ដែរ គួរតែយើងឲ្យគេនិយាយផង ស្តាប់គេផង ព្រោះតាមសង្កេតមក ធម្មតាប្រធានអង្គប្រជុំច្រើនតែយល់លើការទូទៅ ឯការកំប៉ិកកំប៉ុក កំទេចកំទីរាយរងនោះ គេសមាជិកគេយល់ដឹង។


នៅប្រទេសខ្មែរយើង ច្រើនតែអ្នកមនតម្រិះចេះដឹង មានសញ្ញាបត្រធំៗ ចេញមកពីបរទេសមកនាំឲ្យខូចរបៀបរបបរៀបរយក្នុងសង្គមខ្មែរ ពីព្រោះតែលោកនិយាយនៅក្នុងពេលប្រជុំម្តងៗ ច្រើនតែអួតថា នៅអឺរ៉ុប ឬនៅអាស៊ី គេច្រើនតែប្រើរបៀបដូចលោកពន្យល់ជូននេះឯង ត្រង់ពិតឬមិនពិត ស្រេចតែលោកក៏មហិមានោះ អធិប្បាយរៀបរាប់ទៅតាមការយល់របស់បុគ្គលនោះទេ មិនមែនជាវិជជ្ជាដែលបានរៀននោះយកមកពន្យល់នោះទេ គឺជាយោបល់ម្នាក់ៗ ទេតើ។ ប៉ុន្តែគ្នាដែលមានតម្រិះតិចតួចស្តួចស្តើង មិនហ៊ានជូនយោបល់ ដោយខ្លាចអ្នកមានតម្រិះមើលងាយខ្លួន! នេះហើយចរិតខ្មែរសម័យសតវត្សទី ២០ នេះ សំគាល់មើលចុះ អ្នកដែលបានដឹកនាំមុនៗ កន្លងមកនេះ ច្រើនតែអាត្មានិយមមានតែអញទើបដឹកនាំបាន គ្មានបណ្តុះចិត្តរួបរួមជួយពន្យល់ជូនយោបល់ ឃើញត្រូវហើយនាំគ្នាធ្វើតាមនោះទេ មានតិចណាស់ ច្រើនតែប្រជុំរួចចប់តែម្តង ត្រង់អនុវត្តទៅតាមនោះ សូន្យតែម្តង។ នេះហើយប្រជុំច្រើនបានការតិច។

 

ដកស្រង់ចេញពីសៀវភៅចរិតខ្មែរ កើត រស់ ស្លាប់ ដើម្បីខ្មែរ និពន្ធ៖ ប៊ុណ្ណ ចន្ទម៉ុល

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *