ចូរប្រយ័ត្នមនុស្រជំនិត!!!!!!

អ្នកធ្វើធំត្រូវប្រយ័ន្នខ្លួន⁣ ជាពិសេសចំពោះអ្នកណាដែលជំនិតនឹងខ្លួននោះតែម្តង ពីព្រោះគឺជំនិតនោះហើយដែលនាំឲ្យយើងខូចឈ្មោះដោយសារ។ គឺអ្នកនៅជិតយើងនេះហើយ ដេលយកឈ្មោះយើងទៅលក់យកប្រយោជន៍ផ្ទាល់ខ្លួន ព្រោះវានៅជិតយើង គេមើលមកក៏ជឿទាំងអស់។ ចំពោះអ្នកដែលធ្វើឲ្យយើងខូចឈ្មោះនោះ មិនបាច់ដល់មនុស្សជំនិតផងទេ មនុស្សដែលគ្រាន់តែមកអែបឡបនឹងយើងរាល់ថ្ងៃនោះ ក៏អាចឲ្យយើងខូចឈ្មោះបានដែរ ឲ្យតែចង់ធ្វើ។

ខ្ញុំនឹងឃើញរឿងមួយ កាលណោះនៅសាលាកាត់ក្តីយើងនេះ មានស្មាក្តីម្នាក់ប៊ិនប្រសប់វាយឬកអែបអបនឹងលោកចាងហ្វាងសាលាកាត់ក្តីណាស់ រាល់ថ្ងៃគាត់តែងមកកាន់សាលាកាត់ក្តីមុនលោកចាងហ្វាងជារឿយៗ ចាំទទួលដំណើរលោកចាងហ្វាង និងជួយកាន់កាតាបសំណុំរឿងរបស់លោកចាងហ្វាងចូលទៅកាន់ការិយាល័យផង។ ធ្វើដូច្នេះ ដើម្បីឲ្យអ្នកកើតក្តីក្តាំងទាំងឡាយ សម្លឹងមកយល់ច្រឡំថា គាត់ជាមនុស្សជិតស្និទ្ធនឹងលោកចាងហ្វាងណាស់ ពឹងពាក់គាត់ចុះ ក្តីមិនចាញ់គេទេ ព្រោះគាត់ស្គាល់ចាងហ្វាងពិតប្រាកដណាស់។ លុះគេទៅជួបពឹងពាក់ គាត់នោះក៏តាំងសយរហេតុសព្វគ្រប់ រួចក៏តាំងអធិប្បាយច្បាប់ហូរហែងវែងឆ្ងាយធ្វើឲ្យជនមានរឿងនោះស្តាប់ភាំង រួចក៏ថាគាត់និងលោកចាងហ្វាងជាមិត្តនឹងគ្នា និយាយតែមួយម៉ាត់ស្រេចការភ្លាម សុំឲ្យតែចំណាយប៉ុណ្ណោះប៉ុណ្ណោះមកចុះ។ ជនមានរឿងជឿស្តូក មិនជឿឯណាបានបានបើគាត់ចេះច្បាប់សំបើម និងស្គាល់លោកចាងហ្វាងទៀតនោះ។ គ្នាក៏តាំងសូកប៉ាន់គិតគូរតាមពាក្យពន្យល់ស្មាក្តីកំហូចនោះទៅ។ ស្មាក្តីកំហូចនោះមានយកទៅជូនលោកចាងហ្វាងឯណា លេបតែម្នាក់ឯងទៅ។ លុះគេកាត់ទៅជនដែលសូកប៉ាន់បានឈ្នះ ក៏តាំងថា ហ្ន៎ ឃើញទេគាត់និងចាងហ្វាយជួយមែន លោបែរជាចាញ់វិញ ក៏ធ្វើជាក្តៅបន្ទោសជនសូកប៉ាន់ថា មកពីភ្លេចពាក្យបណ្តាំគាត់ គាត់ផ្តាំឲ្យឆ្លើយដូច្នេះ អ្នកនោះទៅជានិយាយដូច្នោះខូចអស់ ទើបបានចាញ់គេ។ ស៊ីលុយគ្នាហើយបន្ទាសគ្នាទៀត។ ឯលោកចាងហ្វាងគ្មានដឹងខ្លួនសោះ មិនដឹងថាអ្នកកាន់កាតាបឲ្យខ្លួននោះ កាន់ដោយចង់ឲ្យគេឃើញ ដើម្បីរកស៊ីឯណា លោកស្មានថាស្មាក្តីនោះកាន់ឲ្យលោកដោយគោរពរាប់អានលោកដោយស្មោះតែប៉ុណ្ណោះ។ ទំរាំតែលោកដឹងខ្លួន ហើយបណ្តេញស្មាក្តីនោះឲ្យឈប់ទាក់ទង ឈ្មោះលោកក៏ល្បីសុះសាយសន្ធឹកថា ជាចាងហ្វាងអយុត្តិធម៌ ស៊ីសំណូកផ្តេសផ្តាសសំបើម។

នេះគ្រាន់តែមនុស្សមនុស្សវាយអែបលុតក្រាបឡេមឡឺមផង វាអាចយកឈ្មោះយើងទៅជួញកើត ចុះទំរាំបើជនជំនិតយើងទៀត វារឹតែស្រួលយកឈ្មោះយើងទៅជួញណាស់ទៅទៀត។ វាចង់បានលាភសក្ការៈពីអ្នកឯទៀតដែលចង់ប្រាស្រ័យនឹងយើង វាក៏តាំងថា យើងត្រូវការនេះត្រូវការនោះ ចូលចិត្តដូច្នេះដូច្នោះ។ គេដែលចង់ប្រាស្រ័យនឹងយើងក៏តាំងរករបស់នោះមកឲ្យវាទៅ។ ជួនកាលវាធ្វើយអោយគេដែលប្រុងមករកយើងនោះស្អប់យើង ដៀលត្មេះយើងតាមផ្លូវស្ងាត់ព្រងើយ ព្រោះតែអ្នកនោះពុំបានយកអ្វីទៅឲ្យវាតាមបំណងវា។ ទៅជាបំបែកយើងពីអ្នកដែលមកប្រាស្រ័យនឹងយើងទៅវិញឆ្កុយ។ នេះគំនិតអាក្រក់ជួរជាតិ នៃជំនិតទុច្ចរិត វាគ្មានគិតពីរឿងយើងខូចឈ្មោះអ្វីទេ គិតតែផលប្រយោជន៍។

និយាយនេះ មិនសំដៅទៅលើជំនិតខ្លះដែលមានភក្កីភាពចំពោះចៅហ្វាយនាយ ហ៊ានស្លាប់រស់ជាមួយចៅហ្វាយនាយនោះទេ។ ជនជំនិតជំពូកនេះ គប្បីចៅហ្វាយនាយមើលឃើញគុណសម្បត្តិ និងជួយឧបត្ថម្ភគ្នា យកគ្នាជាសហការីជាជំនិតតទៅទៀត កុំឲ្យរង្គៀសឲ្យសោះ។

ដកស្រង់ចេញពីសៀវភៅចរិតខ្មែរ កើត រស់ ស្លាប់ ដើម្បីខ្មែរ និពន្ធ៖ ប៊ុណ្ណ ចន្ទម៉ុល

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *