ដំណឹងមិនពិត អាចបង្កភាពចលាចល នៅក្នុងសង្គម

អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវកុំឲ្យចែកចាយ ឬផ្សព្វផ្សាយនូវដំណឹងមិនពិត ដែលបង្កភាពចលាចល នៅក្នុងសង្គម

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និង អ្នកលេងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ កុំឲ្យបន្តចែកចាយ ឬផ្សព្វផ្សាយនូវដំណឹងមិនពិត ឬពាក្យចចាមអារ៉ាម ដែលគ្មានប្រភពច្បាស់លាស់ ដែលធ្វើឲ្យមានភាពចលាចល នៅក្នុងសង្គមកម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងទៀតថា ការចូលរួមចំណែកផ្សព្វផ្សាយដំណឹងមិនពិត ឬដំណឹងគ្មានភាពច្បាស់លាស់ បង្កអសន្តិសុខ ភាពចលាចល ដល់សង្គមនោះ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ និងសូមប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ការបង្កចលាចលនេះ។ អ្នកផ្សព្វផ្សាយព័ត៌មាន ចង់មិនចង់ គឺត្រូវជាប់ជំពាក់ការទទួលខុសត្រូវតាមផ្លូវច្បាប់លើការផ្សព្វផ្សាយរបស់ខ្លួន!

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយនូវដំណឹងមិនពិតជាបន្តបន្ទាប់ អំពីករណីចាប់ក្មេងៗនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងរយៈពេល២ថ្ងៃមកនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook ជាបន្តបន្ទាប់ថា មានករណីចាប់ក្មេង នៅតាមខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ស្វាយរៀង និងប៉ៃលិនជាដើម ប៉ុន្តែបន្ទាប់ពីធ្វើការស្រាវជ្រាវលើ៣ករណីខាងលើនេះ សមត្ថកិច្ចបានប្រកាសថា ករណីនេះគឺជាការភាន់ច្រឡំប៉ុណ្ណោះ មិនមានករណីចាប់ក្មេង វះគ្រលៀន ដូចទៅនឹងការផ្សព្វផ្សាយឡើយ។

តបទៅនឹងការផ្សព្វផ្សាយបំភ្លៃបែបនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលជាក្រសួងមានសមត្ថកិច្ចថ្នាក់កំពូលរបស់កម្ពុជា បានចេញមកប្រកាសថា រហូតដល់ពេលនេះ មិនមានករណីចាប់ក្មេងណាមួយកើតឡើងនៅកម្ពុជាឡើយ ហើយលោកបានអះអាងថា ក្រសួងមហាផ្ទៃកំពុងសង្ស័យថា មានក្រុមចាត់តាំងណាមួយកំពុងធ្វើការផ្សព្វផ្សាយភូតកុហកកាន់តែច្រើន អំពីករណីចាប់ក្មេង ដែលធ្វើឱ្យមានភាពវឹកវរ នៅក្នុងប្រទេសកម្ពុជា៕

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *