ស្ថានការណ៍ព្រំដែនកម្ពុជា-ឡាវ កំពុងឡើងកម្តៅ

(ភ្នំពេញ)៖ ស្ថានភាពប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវនៅពេលនេះហាក់កំពុងតែកើនឡើងកម្ដៅ ដែលធ្វើឱ្យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រកាសទុកពេលតែ០៦ថ្ងៃទៀតប៉ុណ្ណោះឱ្យកងទ័ពឡាវដែលកំពុងឈ្លានពានទឹកដីកម្ពុជា នៅក្នុងខេត្តស្ទឹងត្រែង ត្រូវដកចេញឱ្យអស់ដោយគ្មានលក្ខខណ្ឌ។ ប្រមុខដឹកនាំប្រទេសកម្ពុជា ដែលធ្លាប់ប្រឡូកជីវិតក្នុងសមរភូមិសង្រ្គាមរាប់មិនអស់រូបនេះ បានបញ្ជាក់ដាច់ណាត់ថា ប្រសិនបើឡាវនៅតែរឹងទទឹង កម្ពុជានឹងប្រើចំណាត់ការតាមផ្លូវយោធា។


នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ លោក ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ប្រទេសឡាវ ដើម្បីជជែកដោះស្រាយបញ្ហាព្រំដែនជាមួយនឹង លោក ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា នៅក្នុងជំនួបជាមួយ នាយករដ្ឋមន្រ្តីឡាវនោះ លោក ហ៊ុន សែន នឹងស្នើឱ្យរដ្ឋាភិបាលឡាវ ដកកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ខ្លួន ចេញពីតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែននឹងខេត្តអាតាពើ របស់ប្រទេសឡាវ។


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកថា លោក បានអត់ធ្មត់តាំងពីខែមេសាមកម្ល៉េះ ចំពោះការឈ្លានពានរបស់ទាហានឡាវ ព្រោះមិនចង់ឱ្យមានការផ្ទុះសង្រ្គាមជាមួយប្រទេសជិតខាង។ ទន្ទឹមនឹងភាពអត់ធ្មត់ លោកនាយករដ្ឋមន្រ្តីនៃកម្ពុជា បានទូរស័ព្ទដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត កាលពីអំឡុងខែឧសភា ពេលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន ស្នើឱ្យដកកងទ័ពចេញពីទឹកដីកម្ពុជា។ ក្រៅពីទូរស័ព្ទដោយផ្ទាល់ហើយនោះ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានសរសេរលិខិតផ្លូវការមួយច្បាប់ទៀតផ្ញើទៅ នាយករដ្ឋមន្រ្តីឡាវ បញ្ជាក់ពីបញ្ហាព្រំដែន និងស្នើឱ្យឡាវដកកងទ័ពចេញពីប្រទេសកម្ពុជា៕

ប្រភព៖ ទំព័រហ្វេកបុក កម្ពុជាពិត

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!