សញ្ញា​ ១០ យ៉ាង​ដែល​បញ្ជាក់​ថា មេ​របស់​អ្នក​មិនពេញចិត្តអ្នក

នៅក្នុងសង្គមការងារ អ្នកអាចនឹងប្រឈមមុខនឹងការបាត់បងការងារស្ទើរគ្រប់ពេលវេលានៅពេលដែលអ្នកមានសមត្ថភាពមិនគ្រប់គ្រាន់ មិនបានអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឬក៏ធ្វើការនៅក្នុងក្រុមហ៊ុនដែលមានចៅហ្វាយ ឬ អ្នកដឹកនាំដែលគ្មានសមត្ថភាព និង អ្នកដឹកនាំដែលប្រកាន់បក្សពួកនិយមជាដើម។

នៅពេលដែលអ្នកគ្មានសមត្ថភាពគ្រប់គ្រាន់ ឬ ក៏មេរបស់អ្នកស្ដាប់សម្ដីចាក់រុករបស់អ្នកដទៃដោយមិនគិតហេតុផល ឬ ការយកបងប្អូន ឬ សាច់ញាតិរបស់គាត់ជំនួសកន្លែងរបស់អ្នក អ្នកអាចនឹងទទួលរងនូវការបណ្ដេញចេញ ប៉ុន្តែបើសិនជាអ្នកធ្វើការបានល្អ ហើយគាត់ចង់បណ្ដេញអ្នកចេញ គាត់នឹងមិនប្រើប្រាស់ពាក្យបណ្ដេញចេញនោះទេ ពីព្រោះវាអាចបណ្ដាលឲ្យបុគ្គលិកដទៃបាក់ទឹកចិត្ត ឬ គិតមិនល្អពីគាត់ គាត់នឹងប្រើប្រាស់វីធីសាស្ត្រផ្សេងដើម្បីឲ្យអ្នកលាឈប់ដោយខ្លួនឯងតែម្ដង។

ខាងក្រោមនេះគឺជាសញ្ញា ១០ យ៉ាងដែលបញ្ជាក់ថាមេរបស់អ្នកចង់ឲ្យអ្នកលាឈប់ពីការងារ ៖

១) គាត់នឹងលែងនិយាយអ្វីទាក់ទងទៅនឹងអនាគត់នៃក្រុមហ៊ុនជាមួយនឹងអ្នក

ជាទូទៅបើសិនជាគាត់ចង់រក្សាអ្នកឲ្យបន្តធ្វើការជាមួយនឹងក្រុមហ៊ុនគាត់បន្តទៀត គាត់តែងតែហៅអ្នកទៅប្រជុំ ឬ ពិភាក្សាបែបឯកជន ហើយលើកយកប្រធានបទទាក់ទងទៅនឹងអនាគត់នៃក្រុមហ៊ុនទាក់ទងនឹងអ្នកនោះមកពិភាក្សា ឧទាហរណ៍ ៖ “ក្រុមហ៊ុនយើងនឹងបន្ថែមនូវសេវាកម្មមួយផ្សេងទៀត សង្ឃឹមថាលោកនឹងស្វែងយល់ពីវាឲ្យបានច្រើន” ឬក៏ ” ខ្ញុំចង់ឲ្យអ្នកសិក្សាពីចំនុចមួយនេះ ពីព្រោះក្រុមហ៊ុនយើងនឹងប្រើប្រាស់វានៅថ្ងៃខាងមុខ” ។​ ប៉ុន្តែបើសិនជាមេរបស់អ្នកខានធ្វើបែបនេះជាមួយនឹងអ្នករយៈពេលយូរអ្នកប្រហែលជាត្រូវត្រៀមខ្លួនឲ្យហើយទៅ។

២) គាត់មិនសូវជាទាក់ទងជាមួយអ្នក ឬ ហៅអ្នកប្រជុំ

ចៅហ្វាយនាយ ឬ អ្នកគ្រប់គ្រង តែងតែរក្សាទំនាក់ទំនងល្អជាមួយនឹងបុគ្គលិកដែលពួកគេចង់រក្សាទុក ដោយការសាកសួរពីការអភិវឌ្ឍសមត្ថភាព ឬ ការសាកសួរពីការអភិវឌ្ឍនៃការងាររបស់បុគ្គលិកខ្លួនជារឿយ។ ហើយនៅពេលមានរឿងចាំបាច់អ្វីមួយពួកគេតែងតែទាក់ទងជាមួយនឹងបុគ្គលិករបស់ខ្លួនដើម្បីដោះស្រាយវា ឬ ក៏សាកសួរព័ត៌មានបន្ថែម។ ប៉ុន្តែបើសិនជារឿងទាំងនេះមិនបានកើតឡើងចំពោះអ្នក អ្នកក៏ត្រូវត្រៀមខ្លួនឲ្យហើយទៅ ជាពិសេសនៅពេលដែលការងារដែលអ្នកធ្លាប់បំពេញត្រូវបានមេរបស់អ្នកប្រើអ្នកផ្សេងឲ្យធ្វើជំនួសអ្នក។

៣) គាត់តែងលើកយកបញ្ហាផ្សេងៗដែលបង្ហាញថាក្រុមហ៊ុនជួបបញ្ហាហិរញ្ញវត្ថុ ប្រាប់អ្នក

មេរបស់អ្នកកម្រនឹងនិយាយពីបញ្ហាហិរញ្ញវត្ថុជាមួយនឹងអ្នកខ្លាំងណាស់បើសិនជាពួកគេចង់រក្សាអ្នកទុក បើទោះបីជាក្រុមហ៊ុនពិតជាជួបបញ្ហាមែនក៏ដោយ។ ប៉ុន្តែនៅពេលដែលគាត់ចង់ឲ្យអ្នកឈប់ គាត់នឹងនិយាយពីវាប្រាប់អ្នកដើម្បីឲ្យអ្នកមានអារម្មណ៍ថាក្រុមហ៊ុនដែលអ្នកកំពុងធ្វើការគ្មានស្ថេរភាព ឬ មានអារម្មណ៍ថាអ្នកអាចនឹងត្រូវកាត់បន្ថយប្រាក់ខែ ឬ ប្រាក់បន្ថែម ហេតុដូចនេះអ្នកអាចនឹងសម្រេចចិត្តលាឈប់ដោយមិនបាច់គេបញ្ឈប់។

៤) មេរបស់អ្នកនឹងប្រគល់ការងារដែលអ្នកធ្លាប់ធ្វើទៅឲ្យអ្នកដទៃ

អ្នកនឹងមានអារម្មណ៍បែបណានៅពេលដែលការងារដែលអ្នកធ្លាប់ធ្វើរាល់ដងត្រូវបានប្រគល់ឲ្យអ្្នកដទៃ ហើយអ្នកត្រូវអង្គុយធ្វើការផ្សេងៗ ដែលផ្ដល់ផលប្រយោជន៍ទៅដល់បុគ្គលិកផ្សេង ឬ មិនផ្ដល់ផលប្រយោជន៍ដល់អ្នកដូចជា ការអភិវឌ្ឍសមត្ថភាព ឬ ប្រាក់បន្ថែមជាដើម។

៥) មេរបស់អ្នកតែងជីកឬសជីកគល់ជាមួយនឹងកំហុសអចេតនាត្រឹមតែបន្តិចបន្តួចរបស់អ្នក

នៅពេលដែលមេរបស់អ្នកចង់ឲ្យអ្នកឈប់ គាត់នឹងរិះរកមធ្យោបាយផ្សេងដើម្បីឲ្យអ្នកមានអារម្មណ៍ថាធុញថប់នឹងធ្វើការបន្ត ជាក់ស្ដែងសូម្បីតែកំហុសបន្តិចបន្តួចដែលកើតឡើងដោយអចេតនា ក៏ត្រូវបានគាត់លើកយកមកជីកឬសជីកគល់ ដេញដោយ និងស្ដីបន្ទោសឲ្យអ្នកមិនចេះចប់ ឬ មួយក៏លើកយកវាមកនិយាយក្នុងកិច្ចប្រជុំស្ទើររាល់ពេល ឬ លើកវាទៅប្រាប់បុគ្គលិកដ៏ទៃឲ្យទុកជាមេរៀនជាដើម ដែលអាចនឹងធ្វើឲ្យអ្នកអាម៉ាស។

៦) ដាក់ការងារឲ្យអ្នកដោយប្រាប់វាមិនច្បាស់លាស់

បើសិនជាអ្នកជាបុគ្គលិកមានតម្លៃសម្រាប់ក្រុមហ៊ុនក្នុងក្រសែភ្នែកគាត់ គាត់នឹងព្យាយាមប្រាប់អ្នកឲ្យបានច្បាស់នូវការងារដែលគាត់ចង់ដាក់ឲ្យអ្នកធ្វើ ឬ ព្យាយាមពន្យល់អ្នកដើម្បីឲ្យអ្នកអាចធ្វើវាបាន ប៉ុន្តែបើសិនជាអ្នកលែងមាននៅក្នុងភ្នែកគាត់ហើយ គាត់នឹងដាក់ការងារឲ្យអ្នកធ្វើដោយមិនប្រាប់ឲ្យបានច្បាស់លាស់ ហើយបើសិនជាអ្នកព្យាយាមសួរគាត់បន្ថែមច្រើនពីវា គាត់នឹងបោះសម្ដីទៅអ្នកថា តើអ្នកជាបុគ្គលិកបែបណាដែលគ្រាន់តែរឿងប៉ុណ្ណឹងមិនយល់ ឬ មិនអាចធ្វើបាន ហើយបើសិនជាអ្នកមិនអាចធ្វើបាននោះគាត់នឹងបានឡេះថាអ្នកគ្មានសមត្ថភាពនឹងធ្វើការនៅក្រុមហ៊ុនគាត់ទៀតទេ។

៧) គាត់តែងតែស្ដីបន្ទោសឲ្យអ្នកបើទោះបីវាមិនមែនជាកំហុសរបស់អ្នក

នៅពេលដែលអ្នកត្រូវបានមេស្ដីបន្ទោសជារឿយទាំងរឿងដែលជាទំនួលខុសត្រូវរបស់អ្នក និងមិនមែន។ ពេលខ្លះវាគ្រាន់តែជាកំហុសរបស់អ្នកផ្សេង ប៉ុន្តែគាត់បែរជាបន្ទោសអ្នកថាហេតុអ្វីអ្នកមិនជួយការងារមួយនេះ។ បើត្រឹមតែម្ដងពីរដងប្រហែលជាមិនសូវជាអីនោះទេ បើសិនជាញឹកញាប់ពេកអ្នកអាចនឹងត្រូវត្រៀមខ្លួនឲ្យហើយទៅ។

៨) គាត់តែងតែនិយាយមិនល្អពីអ្នកទៅកាន់បុគ្គលិកដទៃ

នៅពេលដែលគាត់ចង់ឲ្យអ្នកឈប់ហើយ គាត់នឹងមិនខ្លាចនិយាយអាក្រក់ពីអ្នកនោះទេ ហើយគាត់នឹងនិយាយវាជាមួយនឹងអ្នកដទៃ ថាអ្នកមិនល្អត្រង់នេះ ឬ ត្រង់នេះ ហើយប្រាប់អ្នកដទៃកុំឲ្យយកគំរូតាមអ្នកជាដើម ជាពិសេសគឺគាត់ជាមួយនឹងអ្នកដែលជិតស្និតជាមួយនឹងអ្នក ទាំងដែលដឹងថាពួកគេនឹងយកវាទៅនិយាយប្រាប់អ្នក។

៩) គាត់នឹងឲ្យអ្នកបង្រៀនការងារដែលអ្នកធ្វើរាល់ថ្ងៃទៅអ្នកដទៃ

បើសិនជាអ្នកដាក់ពាក្យលាឈប់ មេរបស់អ្នកនឹងប្រាប់អ្នកឲ្យអ្នកបង្រៀនការងាររបស់អ្នកទៅកាន់បុគ្គលិកដែលនឹងជំនួសអ្នក ឬ បុគ្គលិកផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការងារនេះ ប៉ុន្តែសាកគិតទៅមើលបើសិន 50% នៃចំណុចខាងលើបានកើតឡើងលើអ្នក ហើយបន្ទាប់មកគាត់ឲ្យអ្នកបង្រៀនការងារទៅបុគ្គលិកដទៃទាំងដែលអ្នកមិនបានដាក់ពាក្យលាឈប់ផងនោះ តើនេះជាចេតនាអ្វីឲ្យប្រាកដ ប្រាកដណាថាគាត់ត្រៀមបុគ្គលិកថ្មីជំនួសអ្នក ក៏ដូចជាប្រាប់អ្នកថា អ្នកជិតលែងមានតម្លៃសម្រាប់ក្រុមហ៊ុននេះទៀតហើយ។

១០) គាត់តែងតែធ្វើឲ្យអ្នកមានអារម្មណ៍ថាធុញថប់នឹងធ្វើការជាមួយនឹងក្រុមហ៊ុនគាត់

បើសិនជាធ្វើការដោយអារម្មណ៍ធុញថប់អ្នកប្រហែលជាចង់លាឈប់ហើយមែនទេ ហេតុដូចនេះហើយមេរបស់អ្នកនឹងប្រើប្រាស់វិធីសាស្ត្រផ្សេងៗឲ្យអ្នធុញថប់ដើម្បីឲ្យអ្នកលាឈប់ ឧទាហរណ៍ ដាក់ការងារដែលលើសពីសមត្ថភាពរបស់អ្នក ឲ្យអ្នកធ្វើការបន្ថែមម៉ោងជាញឹកញាប់ តែងតែទូរសព្ទទៅអ្នកដេញដោលពីការងាររបស់អ្នកនៅថ្ងៃឈប់សម្រាករបស់អ្នកទាំងដែលវាមិនជាចាំបាច់ក៏ដោយ ទូរសព្ទទៅស្ដីបន្ទោសឲ្យអ្នកទាំងដែលអ្នកកំពុងជាប់រវល់ ឬ មានបញ្ហាអ្វីមួយ។

១០ ចំណុចនេះបើសិនជាអ្នកបានជួបប្រទះ វាជាសញ្ញាប្រាប់អ្នកថា អ្នកលែងមានតម្លៃសម្រាប់ក្រុមហ៊ុនគេទៀតហើយ ហើយ ១០ ចំណុចនេះក៏ជាហេតុផលដែលអ្នកគួរតែលាឈប់ពីការងារនោះផងដែរ ពីព្រោះតែបន្តធ្វើទៀតអ្នកនឹងគ្មានការអភិវឌ្ឍន៍ ឬ ទទួលបានផលចំណេញទៀតនោះទេ៕

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!