ការពេញនិយមបរិភោគសាច់ពស់ នៅប្រទេសក្នុងតំបន់ ដោយសារតែ

នៅ​ប្រទេស​ចិន វៀតណាម និង​ថៃ មាន​ប្រជាជន​មួយ​ចំនួន​និយម​ទទួល​ទាន​សាច់​ពស់​សឹង​តែ​គ្រប់​ប្រភេទ​មិន​ថា​ពស់​គ្មាន​ពិស ឬ​មាន​ពិស​នោះ​ទេ។ ក្នុង​ចំណោម​នោះ ពស់​វែក ដែល​ល្បី​ខាង​មាន​ពិស​ពុល​ដល់​ជីវិត​មនុស្ស​នោះ ក៏​ត្រូ​វ​បាន​គេ​យក​មក​ពន្លះ​ស្បែក​ទទួល​ទាន​ជា​អាហារ​ប៉ូវ​ផង​ដែរ ខណៈ​ដែល​ឈាម និង​ប្រមាត់​របស់​វា គឺ​ជា​គ្រឿង​ពិសេស​សម្រាប់​អ្នក​និយម​សាច់​ពស់​ពិស​នេះ។

នៅ​ប្រទេស​ថៃ បណ្ដា​ភោជនីយដ្ឋាន​តូច​ធំ​មួយ​ចំនួន​ក៏​មាន​លក់​ម្ហូប​ឆា​ក្ដៅ​ ហឹរ ចម្អិន​ពី​ពស់​វែក​នេះ​ដែរ។ យោង​តាម​របាយ​ការណ៍​ពី​ក្រុង​បាងកក​បាន​ឲ្យ​ដឹង​ថា កាល​ពី​អំឡុង​ប្រកួត​កីឡា​អាស៊ាន​ហ្គេម​លើក​ទី១៣ កីឡាករ​មួយ​ចំនួន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​បណ្ដា​ហាង​លក់​សាច់​ពស់​វែក។ ម្ចាស់​ភោជនីយដ្ឋាន​មួយ​ចំនួន​បាន​អះអាង​ថា អាថ៌កំបាំង​នៃ​ការ​ឈ្នះ​ការ​ប្រកួត​របស់​អ្នក​កីឡា គឺ​មក​ពី​ការ​ទទួល​ទាន​សាច់​ ប្រមាត់ និង​ឈាម​ពស់​វែក ​នៅ​ហាង​របស់​ខ្លួន។

សាច់​ពស់​វែក​ក៏​ត្រូវ​បាន​ប្រជាជន​វៀតណាម​មួយ​ចំនួន​ជឿ​ថា ជា​គ្រឿង​ប៉ូវ​តណ្ហា​ផង​ដែរ។ ម្ចាស់​ភោជនីយដ្ឋាន​នៅ​ជាយ​ក្រុង​សៃហ្គន​បាន​ធានា​ប្រាប់​ភ្ញៀវ​ថា ថ្វី​ដ្បិត​តែ​ពស់​វែក​មាន​ពិស​ក៏​ពិត​មែន ប៉ុន្តែ​ពិស​នោះ​ធ្វើ​ទុក្ខ​តែ​ពេល​វា​ជ្រាប​ចូល​ក្នុង​ឈាម​ប៉ុណ្ណោះ ហើយ​បើ​ទទួល​ទាន​វា​ចូល​ក្រពះ វា​គ្មាន​គ្រោះ​ថ្នាក់​ទេ។

នៅ​តាម​ហាង​តូចៗ សាច់​ពស់​វែក​ទាំង​មូល​មាន​តម្លៃ​៥០​ដុល្លារ តែ​ភ្ញៀវ​ក៏​អាច​ជាវ​ត្រឹម​ពាក់​កណ្ដាល​ខ្លួន ជាមួយ​នឹង​តម្លៃ​២៥​ដុល្លារ​ផង​ដែរ។ ចំណែក​ឯ​ស្រា​ឈាម លាយ​ទឹក​ប្រមាត់​ពស់​វែក​វិញ អាច​មាន​តម្លៃ​ដល់​ទៅ​២០០​ដុល្លារ​អាមេរិក​ឯណោះ ប៉ុន្តែ​នៅ​តែ​មាន​អតិថិជន និង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ជាវ ដោយ​សារ​តែ​ជំនឿ​ថា ការ​ទទួល​ទាន​ស្រា​នេះ​អាច​កែ​រោគ​ផ្សេងៗ និង​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ៕

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *