ក្រសួងសុខាភិបាលបានរកឃើញ ជំងឺដង្កូវព្រូនទ្រីស៊ីណែឡា (ហៅថា Trichinellosis)​ នៅខេត្តកំពង់ធំ

ថ្មីៗ នេះក្រសួងសុខាភិបាលបានធ្វើការជូនដំណឹងស្តីពីការរងឃើញជំងឺដង្កូវព្រូនទ្រីស៊ីណែឡា ដែលជំងឺនេះបណ្តាលមកពីការបរិភោគសាច់ឆៅដែលបានកើតហេតុនៅក្នុងខេត្តកំពង់ធំ។

ក្រសួងសុខាភិបាលបានបន្តទៀតថា៖ ជំងឺដង្កូវព្រូនទ្រីស៊ីណែឡា ហៅថា ទ្រីស៊ីណែឡូស៊ីស គឺជាជំងឺមួយដែលចម្លងមកមនុស្ស តាមរយៈការបរិភោគ សាច់ឆៅឬសាច់ចម្អិនមិនឆ្អិនល្អដែលសាច់នោះមាន ដង្កូវព្រូនទ្រីស៊ីណែឡា។ រោគសញ្ញាដំបូង រួមមាន ក្អួតចង្អោរ រាករូស ក្អួត អស់កម្លាំង និងគ្រុនក្តៅ។ ឈឺពោះអាចកើតមានឡើងក្នុងអំឡុងពេល ១ ទៅ ២ ថ្ងៃ បន្ទាប់ពីឆ្លងដង្កូវព្រូនទ្រីស៊ីណែឡាចូលក្នុងខ្លួនមនុស្សយើង។ បន្ទាប់ពីរោគសញ្ញាដំបូងមក មានអាការៈដូចជាឈឺក្បាល គ្រុនក្តៅ ក្អក ហើមមុខនិងត្របកភ្នែក (អាចមានហើមដៃ ហើមជើង) ឈឺសន្លាក់ និងឈឺសាច់ដុំ រមាស់ស្បែក រាកឬទល់លាមក។ រោគសញ្ញាផ្សេងទៀតជាធម្មតាចាប់ផ្តើមពី ២ ទៅ ៨ សប្តាហ៍ បន្ទាប់ពីការបរិភោគសាច់ដែលមានដង្កូវព្រូននេះ។ រោគសញ្ញាធ្ងន់ធ្ងរ មានដូចជាពិបាកធ្វើ ចលនា និងបង្កបញ្ហាដល់បេះដូងនិងដង្ហើម ដែលបណ្តាលមកពីការរាតត្បាតនៃដង្កូវព្រូននេះ នៅក្នុងសរីរាង្គរបស់មនុស្ស (ដូចជាសួត បេះដូង ថ្លើម និងខួរក្បាលជាដើម) និងអាចបណ្តាលឲ្យស្លាប់បាន។ ការព្យាបាល គឺសាមញ្ញនិងមានប្រសិទ្ធភាពបាន គឺនៅពេលចាប់ផ្តើមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយផ្អែកលើរោគសញ្ញានិងប្រវត្តិនៃការញ៉ាំ សាច់ឆៅឬសាច់ចម្អិនមិនឆ្អិនល្អ ជាពិសេសសាច់សត្វព្រៃ។ ប្រសិនបើ អ្នកភូមិនៅភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានរោគសញ្ញា ដូចបានរៀបរាប់ខាងលើនេះ សូមបងប្អូនប្រញាប់ប្រញាល់មកមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលនៅជិតផ្ទះលោកអ្នកដើម្បីទទួលការព្យាបាលឲ្យបានទាន់ពេលវេលា។

ជាមួយនេះក្រសួងសុខាភិបាលក៏បានណែនាំអោយបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការបរិភោគ សាច់ឆៅឬចម្អិនមិនឆ្អិនល្អ ហើយគ្រប់ៗគ្នា ត្រូវចម្អិនសាច់ឱ្យបានឆ្អិនល្អ និងមានអនាម័យម្ហូបអាហារត្រឹមត្រូវ ដើម្បីការពារពីជំងឺដង្កូវព្រូនទ្រីស៊ីណែឡា និងជំងឺផ្សេងៗទៀត ហើយរួមគ្នាអនុវត្តនូវការប្រុងប្រយ័ត្នដ៏សាមញ្ញមួយចំនួន នៅពេលដែលកាន់និងរៀបចំម្ហូបអាហារ ដែលអាចការពារអ្នកគ្រប់គ្នានិងក្រុមគ្រួសារពីការឈឺ” រួមមាន៖
១. ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតនិងឆ្អិនជានិច្ច
២. ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោរបង់។
៣. លាងសំអាតបន្លែផ្លែឈើឲ្យបានស្អាតមុនបរិភោគ
៤. សំអាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ
៥. ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ។
៦. ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ។
៧. កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង
៨. មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
ក. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ
ខ. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ
៩. កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។

 

ប្រភព៖ ក្រសួងសុខាភិបាល

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *