ជំនឿបុរាណ ស្តីពីស្ត្រីក្រោយសម្រាលកូន

ស្ត្រីសម្រាលកូនហើយថ្មីៗ បរិភោគអាហារត្រូវប្រយ័ត្ន កំណត់យកតែអាហារប្រភេទក្រៀមៗ មានម្រេច អំបិល ត្រីងៀត បង្គាក្រៀម និងបាយ ឯអាហារផ្សេងៗ ទៀត ត្រូវប្រយ័ត្នប្រយែង

អាហារដែលប្រើបរិភោគជាប្រចាំ​ ក្រៅពីរៀបរាប់ខាងលើ នៅមានត្រីងៀតអាំង (ដូចជា ត្រីផ្ទក់ហាលក្រៀម) ចេកណាំវ៉ាអាំង សាច់ជ្រូកសុទ្ធលាយម្រេច ឲ្យច្រើន ក៏អាចបរិភោគបាន។ ទឹកជ្រលក់ (ទឹកគ្រឿង) ដែលដាក់ម្ទេស ត្រូវដាក់ម្រេចជំនួស ដើម្បីពេលបរិភោគទៅ ក្តៅពោះ  ឈាមរត់ស្រួល។

សម្លរប្រហើរ ជាអាហាមានប្រយោជន៍មួយដែរ វាជួយលាងឈាមលាងពោះវៀន។ ទុរេន ដែលគេយល់ថា ជាអាហារក្តៅ អាចបរិភោគបាន ប៉ុន្តែមិនគួរបរិភោគច្រើន រីឯចេកអំបូង បរិភោគមិនបានទេ ជួនកាលអាចទាស់បាន។

មនុស្សចាស់បុរាណមានជំនឿថា ម្តាយដែលប្រឹងសម្រាលកូនចេញមកនោះ សរសៃធំ ៥០០ សរសៃតូច ៥០០០ ដាច់ទាំងអស់ ពោលគឺក្នុងរាងកាយរបស់ម្តាយ រងការឈឺចុកចាប់ក្រៃលែង សព្វរាងកាយ គ្មានអ្វីស្មើឡើយក្នុងមួយជីវិតម្តាយ ទម្រាំតែកូនអាចសម្រាលបានមក ស្ទើលរតែមិនរួចរស់ជីវិតខ្លួនឯង សរសៃសសូងសព្វសាពា៌ង្គកាយ ហាក់ដូចដាច់ខ្ទេចខ្ទីទាំងអស់។ ដូច្នេះ ដើម្បីបង្កើតសរសៃសសូងឡើងជាថ្មី ឲ្យមានគ្រប់គ្រាន់ដូចដើម ទើបឲ្យស្ត្រីឆ្អើរភ្លើង បរិភោគតែអាហារប្រភេទក្តៅៗ។ បើសិនជាឆាសាច់ គឺត្រូវដាក់ម្រេច អ្វីក៏ដោយត្រូវដាក់ម្រេច ព្រោះម្រេចវាក្តៅ ធ្វើឲ្យរាងកាយកក់ក្តៅ ជំរុញអោយឈាមរត់ស្រួលជានិច្ច ដោយសារពេលសម្រាលកូន ម្តាយបាត់បង់ឈាមយ៉ាងច្រើន។ បាយ ម្ហូបអាហារ គេព្យាយាមដួសរៀបជូនក្នុងចានធំៗ ពេលអស់មួយចានហើយហាមសុំថែមទៀត ព្រោះជឿថា នឹងធ្វើអោយពោះធំមិនរៀបស្មើ គេត្រូវការអោយពោះក្រៀម ដើម្បីឲ្យស្បូនត្រឡប់ទៅកន្លែងដើមបានល្អ។

អាហារទាស់ ដែលហាមបរិភគ ក្រៅពីរៀបរាប់ខាងលើហើយ នៅមានចេកខ្ចី ត្រួយស្លឹកលៀប ស្អំ ស្ពៃ សាច់ជ្រូក ផ្លែមាក់ប្រាង ខ្នុរ ម្ទេស….ជាដើម។

បើសិនមិនមានទឹកដោះ ឬចង់ឲ្យមានទឹកដោះចេញច្រើនៗ ត្រូវយកដើមគូឆាយ ជាមួយងៀតត្រីរ៉ស់ និងម្រេច ធ្វើជាសម្លប្រហើរ នឹងជួយឲ្្យទឹកដោះចេញច្រើន។ ក្រៅពីនេះ ត្រយូងចេក យកមកធ្វើសម្លប្រហើរ អាចជួយឲ្យមានទឹកដោះចេញល្អ ទារកមានទឹកដោះបៅរហូត។

បើសិនធ្វើដំណើរទៅឆ្ងាយ ខ្លាចខ្មោចពញរាយតាមយាយីកូនតូច ឲ្យដុុតឆ្នាំងដី យកមកគូសខ្វែងលើថ្ងាសកូន ឬយកកំបោរធ្យូង មកគូសថ្ងាសកូនតូចដើម្បីកុំអោយខ្មោចចំណាំកូនបាន ហើយខ្មោចមិនចង់បានកូនក្មេង ព្រោះឃើញមុខមាត់គួរឲ្្យស្អប់។ បើសិននាំក្មេងចូលព្រៃ ហើយចាំបាច់ត្រូវស្នាក់ក្នុងព្រៃ មុនពេលគេង ត្រូវសូត្រមន្តគាថា ហើយយកដី ៤ដុំ មកសែកមន្តគាថា រួចគ្រវែងដុំដីទៅទិសទាំង ៤ គឺ ១ដុំៗ គ្រប់ទិស ដោយជឿថា អាចការពារខ្មោចបិសាច និងភ័យន្តរាយទាំងឡាយបាន។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *